កន្លងមកមិនសូវមានការពន្យល់ល្អិតល្អន់ទាក់ទងនឹងជំនាញមួយនេះទេ ដែលជាហេតុបណ្ដាលឱ្យមនុស្សភាគច្រើនយល់ច្រឡំថា ស្ថាបត្យករ គ្រាន់តែជាអ្នកដែលចេះរចនា និងសាងសង់អគារតែប៉ុណ្ណោះ។ តាមពិត វាមិនមែនមានត្រឹមតែប៉ុនហ្នឹងទេ។ ប្រសិនបើនិស្សិត១នាក់ ពិតជាបានសិក្សារៀនសូត្រ មានចំណេះដឹងពិតប្រាកដចេញមកពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា មែននោះ គេនឹងអាចក្លាយជា អ្នកយល់ដឹងក្នុងវិស័យច្រើនយ៉ាង។

ស្ថាបត្យករ (Architect) គឺជាចំណែកមួយរបស់ វិស្វករ (Engineer) ប៉ុន្តែមិនផ្ដោតលើ វិទ្យាសាស្ត្រគណិតវិទ្យាលើសលុបដូចវិស្វករទេ។ ស្ថាបត្យករ ត្រូវតែជាអ្នកសិល្បៈផងនិងអ្នកវិទ្យាសាស្ត្រផង។ គឺមានគំនិតច្នៃប្រតិដ្ឋប្រកបដោយភាពទាក់ទាញ ដោយប្រើរូបមន្តវិទ្យាសាស្ត្រទៅបង្កើតសិល្បៈនោះ។ សិល្បៈមិនអាចរៀនចេះភ្លាមៗកើតដូចរៀនគូរប្លង់ទេ ព្រោះវាទាមទារទេពកោសល្យពីកំណើត (ដុង) ដូច្នេះអ្នកគ្មានទេពកោសល្យពីកំណើត ក៏មិនអាចក្លាយជាស្ថាបត្យករដ៏ឆ្នើមមួយរូបបានដែរ។ បន្ថែមពីលើនេះទៅទៀត ស្ថាបត្យករ ក៏ត្រូវតែធ្វើបន្ទាន់សម័យជំនាញខ្លួនឯងគ្រប់ពេលវេលា ដើម្បីឱ្យដើរស្របគ្នាជាមួយនឹងបម្រែបម្រួលនៃពិភពលោក។

អ្វីដែលមនុស្សភាគច្រើនមិនសូវដឹង គឺ ស្ថាបត្យករ ក៏ជាអ្នកចិត្តវិទ្យា ដែរ។ វិស្វករ ដែលរចនាប្លង់ផ្ទះ ដោយមិនបញ្ចូលមេរៀនចិត្តវិទ្យា នឹងធ្វើឱ្យអ្នករស់នៅក្នុងផ្ទះ មានបញ្ហាផ្លូវចិត្ត ដូចជាស្ត្រេស ធុញថប់ ស្អប់ផ្ទះខ្លួនឯង រស់នៅគ្មានសុភមង្គល រកស៊ី មិនឡេីង រៀនមិនពូកែ។ ល។  ចិត្តវិទ្យា ក៏រាប់ថាជាវិទ្យាសាស្ត្រមួយដែរ ព្រោះវាជាការពិចារណាទៅលើ ទិសខ្យល់ ទិសពន្លឺ ចំហាយទឹក ប្រភេទដី សំឡេង ពណ៌ ទំនាញផែនដី និងប្រតិកម្មនៃវិញ្ញាណ៤របស់ម្ចាស់ផ្ទះ (ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ និង សរីរៈវិញ្ញាណ)។

ចំណុចនេះហើយ ដែលអ្នកមិនដឹង បែរជានាំគ្នាទៅជួលគ្រូមន្តអាគម ឬគ្រូហ្វឹងស៊ុយ មកកែច្នៃផ្ទះសម្បែងទៅតាមជំនឿអរូបីផ្សេងៗ។ តាមពិត ហ្វឹងស៊ុយនោះ គឺជាវិទ្យាសាស្ត្រដែលមានចងក្រងរូបមន្តទុកនៅក្នុងមេរៀន ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា តាំងពីសម័យបុរាណមកម្ល៉េះ។ យើងមានសំណង់ប្រាសាទអង្គរជាភស្ដុ័តាងស្រាប់ វាមិនមែនជាវេទមន្តឬអាគមអ្វីឡើយ។

រូបភាពទាំងអស់ខាងក្រោមនេះ ជារូបបុរី ឬកូនភូមិនានា នៅតាមបណ្ដាប្រទេសដែលមានការអភិវឌ្ឍល្អប្រសើរ។ វាត្រូវបានរចនាប្លង់មេ ស្របតាមទ្រឹស្ដីចិត្តវិទ្យា ជាចម្បង។ អ្នករស់នៅក្នុងផ្ទះទាំងនោះ នឹងរស់ដោយមានផាសុខភាពជាងបុរីផ្សេងដែលខ្វះលំហខ្យល់ ខ្វះពន្លឺ និងខ្វះរុក្ខជាតិបៃតង។ ហើយដើម្បីសម្រេចកិច្ចការទាំងនេះបាន ចាំបាច់ណាស់ ដែលវាទាមទារឱ្យមានអន្តរាគមន៍យ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាល។

ខ្ញុំដឹងថាមិនខ្វះទេ ស្ថាបត្យករ និង វិស្វករ ដែលមានសមត្ថភាព គ្រប់គ្រងគម្រោងសាងសង់ឱ្យចេញជារូបរាងដូចភូមិបៃតងនៅអារ្យប្រទេសទាំងនេះ ប៉ុន្តែសួរថា តើយើងត្រូវចាប់ផ្ដើមគិតផ្លាស់ប្ដូរអ្វីមុនគេបង្អស់?

 

កម្មសិទ្ធិៈ វិរិយា 🌸