ក្រៅតែពីអ្នកធ្លាប់ជាអ្នកគូរប្លង់ស្រាប់
មិនមានអ្នកស្គាល់ច្រើនឡើយពីប្លង់ប្រភេទមួយនេះ គេភាគច្រើនស្ពាល់តែប្លង់Typical
Drawing ឬ Shop Drawing ជាដើម
ប៉ុន្តែប្លង់ឈ្មោះថា As-Built Drawing នេះហាក់គេនៅស្រពេចស្រពិលពីនិយមន័យនៃប្លង់នេះនៅឡើយ។
ប្លង់ As-Built
Drawing គឺជាប្លង់ដែល បានធ្វើការគូរកំណត់ និងអនុម័តដោយអ្នកសាងសង់
ក្រោយពេលដែលសំណង់ត្រូវបានបញ្ចប់រួចរាល់។ ដោយហេតុតែការសាងសង់ជាក់ស្តែងប្រាកដជា
នឹងមានបញ្ហាណាមួយ ដែលមិនអាចចៀសវាងបាន
ដែលអាចនឹងនាំឲ្យមានការកែប្រែភ្លាមៗខុសពីប្លង់ដែលបានសិក្សានៅដំណាក់កាលមុនការសាងសង់ប្រព្រឹត្តិឡើង។
បន្ថែមពីនេះ ប្លង់ As-Built
ត្រូវបានបង្ហាញពីបម្រែបម្រួលនៃរូបរាងនៃមុខកាត់នីមួយៗ, ប្រវែងនៃមុខកាត់ជាក់ស្តែង, សម្ភារៈសាងសង់
និងកំណត់សម្គាល់(Specification) មួយចំនួនទៀតដែលខុសគ្នាពីប្លង់ដើម
ដោយប្លង់នេះនឹងត្រូវរក្សាទុក ជាការភស្តុតាងសម្រាប់ការសិក្សាអគារនោះនៅថ្ងៃអនាគត
ប្រសិនបើអគារត្រូវធ្វើការកែប្រែជាថ្មី ឬបន្ថែមជាន់
ឬការផ្លាស់ប្តូរមុខងារនៃអគារជាដើម។
តើប្លង់ប្រភេទនេះ
មានសារៈសំខាន់អ្វីខ្លះ? ហេតុអ្វីការសាងសង់អគារត្រូវមានប្លង់ប្រភេទនេះ?
រាល់គម្រោងនៅប្រទេសយើងភាគច្រើន
ការសិក្សាប្លង់មានត្រឹមតែនៅដំណាក់កាលមុនសាងសង់ប៉ុណ្ណោះ ឬអស់ហើយត្រឹមការសិក្សាប្លង់
Shop
Drawing។ ដោយឡែកការសិក្សាប្លង់ As-Built Drawing គឺកម្រមានណាស់ ដោយហេតុតែម្ចាស់គម្រោង ពោលគឺ Clients មិនទាន់ដឹងពីសារៈសំខាន់នៃប្លង់នេះ
ទើបគាត់យល់ថាវាជារឿងមិនចាំបាច់នឹងត្រូវចំណាយថវិកាលើការសិក្សា។
ដូច្នេះក្នុងឋានៈយើងជាវិស្វករ ឬជាអ្នកដេញថ្លៃគម្រោង យើងអាចពន្យល់គាត់
ពីសារៈសំខាន់របស់ប្លង់ប្រភេទនេះដូចខាងក្រោម៖
ប្លង់ As-Built
នឹងផ្តល់នូវរាល់ព័ត៌មានត្រឹមត្រូវបំផុតរបស់អគារ
ក្រោយការសាងសង់រួចរាល់
ត្បិតដំណាក់កាលសាងសង់នឹងមានលក្ខខណ្ឌត្រូវបត់បែនមួយចំនួនដោយចៀសមិនបាន
ដែលនាំឲ្យខុសពីប្លង់ដើម។
ប្លង់ As-Built
នឹងបង្ហាញពីព័ត៌មានលម្អិតពីការបំពាក់នូវគ្រឿងបរិក្ខាអគារ
និងគ្រឿងសំណង់ផ្នែកខាងក្នុងគ្រឿងបង្គុំ ដែលរាល់ព័ត៌មានទាំងនេះ
នឹងវិវត្តទៅជាអំណះអំណាងដល់ម្ចាស់គម្រោង ប្រសិនបើថ្ងៃអនាគត
អគារត្រូវការភាពចាំបាច់ក្នុងការកែប្រែរចនាសម្ព័ន្ធអ្វីមួយ។
ក្នុងករណីអគារជាអគារ Condo
ឬ Apartment ឬអគារជួល
ឬលក់ក្នុងកាលៈទេសៈណាមួយ ប្លង់ As-Built នឹងក្លាយជាឯកសារយោងដ៏មានតម្លៃបំផុត
ដែលជាមូលដ្ឋានគ្រឹះឲ្យអ្នកទិញអគារនោះធ្វើការវិភាគ
និងវាយតម្លៃតម្លៃពីលក្ខណៈសម្បត្តិនៃអគារ ដែលនាំឲ្យដំណើរការទិញ-លក់
មាននូវតម្លាភាពរវាងអ្នកលក់ និងអ្នកទិញ ដែលជាកត្តាមួយនៃជំនឿចិត្ត
ឬភាពស្មោះត្រង់ក្នុងអាជីវកម្មផងដែរ។
0 Comments